ប្រវត្តិលោក គង់ ប៊ុនឈឿន កវីម្ចាស់ស្ទឹងសង្កែ តែស្លាប់លើដីអឺរ៉ុប

(ភ្នំពេញ)៖ កវី គង្គ ប៊ុនឈឿន កើតនៅថ្ងៃ១៨ ខែតុលា ឆ្នាំ១៩៣៩ នៅភូមិចម្ការសំរោង ឃុំចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិន ជាអ្នកខេត្តតាកែវ និងម្តាយឈ្មោះ ម៉រ ភឹង ជាអ្នកបាត់ដំបង។

លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ នៅឆ្នាំ ១៩៥៥ ហើយបានប្រឡងជាប់ពានរង្វាន់លេខ១ ក្នុងឱកាសមហោស្រពអក្សរសិល្ប៍ខ្មែរ ឆ្នាំ១៩៥៧ នៅខេត្តបាត់ដំបង តាមរយៈស្នាដៃឈ្មោះ «ស្នេហ៍លុះអវសាន»។

លោកត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាអ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុកនូវស្នាដៃផ្នែកតែងនិពន្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និងផលិតបានជាចម្រៀងជាច្រើនបទ ដែលមានអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត, លោក អ៊ឹង ណារី, អ្នកស្រីរស់ សេរីសុទ្ឋា និងអ្នកស្រី ប៉ែន រ៉ន ជាអ្នកច្រៀង។

លោក គង្គ ប៊ុនឈឿន បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី តាត គឹមលន នៅឆ្នាំ១៩៦៣ ហើយមានកូនចំនួន៦នាក់ គឺប្រុសម្នាក់ និងស្រី៥នាក់ ហើយក្នុងនោះ កូន៥នាក់ បានទៅរស់នៅប្រទេសន័រវេសន៍ និងកូនស្រីម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ។

ស្នាដៃរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ភាគច្រើនបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែងនៅក្នុងសង្គមជាតិ ដែលទាក់ទាញអារម្មណ៍របស់អ្នកស្ដាប់ចង់ឃើញ និងចង់ទស្សនាដល់ទីកន្លែង ជាពិសេសទឹកដីស្រុកកំណើតរបស់លោក នាខេត្តបាត់ដំបង តែម្ដង។

បទចម្រៀងល្បីៗទាំងនោះរួមមាន ម្លប់ដូងទី១០, អារសាច់ជូនម្ដាយ, អនុស្សាវរីយ៍ខ្នងភ្នំសំពៅ, កូនស្រីអ្នកនេសាទ ដែលច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា និងបទ រំដួលដងស្ទឹងសង្កែ ច្រៀងដោយអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត។

ស្នាដៃប្រលោកមកចុងក្រោយរបស់លោក គឺសៀវភៅរឿង មានចំណងជើងថា «វាសនានាង តាត ម៉ារីណា» ជាប្រលោមលោកបែបសម័យបច្ចុប្បន្ន រៀបរាប់ពីសង្គ្រាមទឹកអាស៊ីត ដែលជាសាច់រឿងពិតកើតឡើងចំពោះក្មួយស្រីបង្កើតរបស់ខ្លួន ឈ្មោះ តាត ម៉ារីណា ក្រោយពីនាងមានចំណងស្នេហាលួចលាក់ជាមួយអ្នកធំម្នាក់ នៅក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីចេញផ្សាយសៀវភៅប្រលោមលោកនេះភ្លាម ក្រុមគ្រួសាររបស់កវីនិពន្ធជើងចាស់រូបនេះ ត្រូវភៀសខ្លួនចេញទៅប្រទេសថៃ និងក្រោយមកទទួលបានសិទ្ធិបន្តទៅរស់នៅក្នុងប្រទេសន័រវេសន៍។

លោក គង្គ ប៊ុនឈឿន បានទទួលមរណភាព កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ក្នុងជន្មាយុ៧៧ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសន័រវេសន៍ បន្ទាប់ពីធ្លាក់ខ្លួនឈឺប្រមាណ៣ឆ្នាំ ដោយសារជំងឺមហារីកតម្រងនោម។

អដ្ឋិធាតុរបស់កវីជើងចាស់ គង្គ ប៊ុនឈឿន ត្រូវសាច់ញាតិនាំពីប្រទេសន័រវេសន៍ មកកាន់ប្រទេសកម្ពុជា នាខែឧសភា ឆ្នាំ២០១៨និងយកទៅតម្កល់ទុកនៅក្នុងវត្តកណ្តាល ទឹកដីខេត្តបាត់ដំបង៕

ប្រាសាទព្រះវិហាររបស់ខ្មែរ នៅលើខ្នងភ្នំ ជាប់ព្រំដែនថៃ ក្នុងខេត្តព្រះវិហារ

(ភ្នំពេញ)៖ ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទព្រះវិហារ ជាប្រាសាទភ្នំ ដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។

ប្រាសាទព្រះវិហារ មានចម្ងាយប្រមាណ៥៥គីឡូម៉ែត្រ ពីទីរួមស្រុកជាំក្សាន្ត និងមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ, ជាង ១៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។

ក្រុមអ្នកបុរាណវិទ្យាតែងបានគិតថា ប្រាសាទព្រះវិហារ គឺជាប្រាសាទដែលមានរបៀបសង់សឹងតែដូចៗគ្នាទៅនឹងសំណង់ដទៃទៀត ដែលសិ្ថតក្នុងស្ថាបត្យកម្មរបស់ព្រះមហាក្សត្រខ្មែរ ព្រះនាមសូរ្យវរ្ម័នទី១ គឺបែបប្រាសាទសណ្តូកលើភ្នំ ដូចគ្នាទៅនឹងប្រាសាទភ្នំជីសូរ ក្នុងខេត្តតាកែវ, ប្រាសាទជើងព្រៃ ក្នុងខេត្តកំពង់ចាម, ប្រាសាទវត្តត្រាច ក្នុងខេត្តសៀមរាប និងប្រាសាទវត្តភូ ក្នុងខេត្តចម្បាសាក់ ប្រទេសឡាវ។ រីឯចម្លាក់នៅលើហោរជាងវិញ មានទំរង់ដូចនៅប្រាសាទបន្ទាយស្រី និងប្រសាទកោះកេរ។

ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)។

តាមរយៈសិលាចារឹកនៅប្រាសាទបាពួន ចារក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤-៩៦៨) និយាយថា ព្រះអម្ចាស់ឥន្រ្ទាយុទ្ធជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត (ប្រាសាទវត្តភូ ក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារ ក្នុងព្រះនាមអាទិទេព ព្រះស្រីសិខារីស្វរៈ ដែលមានន័យថា អាទិទេពនៃកំពូលភ្នំ។

ស្រីសិខារីស្វរៈនេះហើយ ដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។

ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរ ក្នុងសាសនាព្រាហ្មណ៍។

ព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទព្រះវិហារមានដូចជា៖
• ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០)
• ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០)
• ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨)
• ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ -១០៥០)
• ព្រះបាទទ័យទិត្យវរ្ម័នទី១ (១០៦០-១០៥៦)
• ព្រះបាទហស៌វរ្ម័នទី២ (១០៥០-១០៨០)
• ព្រះបាទជ័យវរ្ម័នទី៦ (១០៨០-១១០៩)
• ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)

ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឲ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឲ្យព្រះរាជាណាចក្រកម្ពុជាវិញ តាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់៕

ប្រវត្តិតារាចម្រៀង កែវ សា រ៉ាត់ និងជីវិតចុងក្រោយមុននឹងលោកស្លាប់ដោយជំងឺថ្លើម

(ភ្នំពេញ)៖ តារាចម្រៀងទស្សវត្យឆ្នាំ១៩៨៨ លោក កែវ សារ៉ាត់ ឈ្មោះពិត គឺ ឈុំ តេះ មានទីកំណើតនៅភូមិវត្តកំផែង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោក កែវ សារ៉ាត់ ជាកូនទី២ ក្នុងចំណោមបងប្អូន៧នាក់ ដែលមានឳពុកឈ្មោះ យ៉ត ឈុំ និងម្ដាយឈ្មោះ គ្រិត សារ៉ាន់ ហើយឪពុកម្តាយបានស្លាប់នៅក្នុងឆ្នាំ១៩៧៧ ហើយលោក កែវ សារ៉ាត់ បានរត់ចូលក្នុងជំរំជនភៀសខ្លួន នាទឹកដីថៃ ។

លោក កែវ សារ៉ាត់ បានចាប់ដៃគូមេត្រី និងរួមរស់ជាមួយនារីម្នាក់ មានកូនមួយ បន្ទាប់មកនារីនោះក៏នាំកូនរត់ចោលលោកបាត់ទៅ។ ក្រោយមកលោកក៏សម្រេចចិត្តរៀបការជាមួយនារីម្នាក់ទៀតឈ្មោះ ចន្ធូ ហើយបាននាំគ្នាភៀសខ្លួនពីជំរុំ ទៅរស់នៅសហរដ្ឋអាមេរិក។

ក្នុងឆ្នាំ១៩៨៥ លោកចាប់ផ្ដើមច្រៀង ដើម្បីយកប្រាក់មកទ្រទ្រង់គ្រួសារ ដោយបានច្រៀងថតកាសែតឲ្យផលិតកម្ម មយូរា បានប្រហែលជា៤០ ទៅ៥០បទ។ ក្រោយមក លោកក៏បានងាកមកនិពន្ធចំរៀង និងបង្កើតផលិតកម្មខ្លួនឯងនៅក្នុងឆ្នាំ១៩៨៨ ដោយដាក់ឈ្មោះថា «ជួងមាស និងចាបមាស»។

បទចំរៀងរបស់លោក កែវ សារ៉ាត់ ដែលប្រធាពលរដ្ឋនិយមស្តាប់រួមមាន ស្រណោះដីខ្មែរ, រំដួលក្រចេះ, កញ្ញាដកម៉ៃ, រងារផ្កាគ, សម្រស់នារីខ្មែរ, រូបខ្ញុំអ្នកក្រ, ឈាមអនាថា, ថាមពលដុល្លារ, ស្នេហាថ្មោងថ្មី, ខ្លាចហើយចិត្តស្រី, ដាច់ចិត្តអ្វីម៉េះ, ខាវអីដាងដួងចិត្ត, ឆ្នាំមុន, ស្រីចិត្តចុងស្រល់, ទទួលសំបុត្រ, ពិសាខដើមឆ្នាំ, ក្រមុំឈៀងម៉ៃ, ស្ដាយពន្លកស្នេហ៍, ពីរឆ្នាំកន្លង, អូនយកថ្មីចុះ, ចង់បានកូនប្រើ, នេះឬកម្មខ្ញុំ, សូរិយាគងភ្នំ, អកព្រាត់ទ្រនំ, បងស្រឡាញ់ស្រីខ្មៅ,នឹកអូនណាស់, ទំនួញជីវិត, ឆ្ងាយពីអូន, ឱឆ្នេរជលសារ, គោកធ្លកជម្រកខ្ញុំ, ស្រម៉ៃនិស្ស័យស្នេហ៍, កុកហើរកាត់ក្រុង, មហាស្រណោះ, ស្មានរកគ្មាន, សួនស្នេហ៍ឡុងប៊ិច, សូមអុនមេត្តា, សាងភ្នួសចុះអូន, តូចតន់មាសបង, សន្ទូចបងមួយ, បើស្រីស្លកុក, សុបិន្តចម្លែក , សុពណ៌ទេវី, ភ្នំពេញអនុស្សា, កវីសេកសោម, ជាប់ទោសព្រោះស្នេហ៍, លាអូនឆ្លងដែន, ក្បូនជីវិត, ដង្កូវប្រែរូប, វណ្ណៈស្នេហ៍, ចំណងដៃទឹកភ្នែក, ជីវិតនាងកែវណាម៉ា, កន្លង់សាវា, រាំកិតជិតកាយ, អញ្ជើញមករាំកំសាន្ដ និងបទ ស្ដាយបុផ្ផាមួយ៕

ប្រវត្តិអ្នកស្រី រស់ សេរីសុទ្ធា និងជីវិតព្រាត់កូនទាំងបួន មុននឹងខ្មែរក្រហមសម្លាប់

(ភ្នំពេញ)៖ អ្នកស្រី រស់ សិរីសុទ្ឋា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងកំឡុងទសវត្សឆ្នាំ៦០ និង៧០ កើតនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវគ្គគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង មានឪពុកឈ្មោះ រស់ ប៊ុន ជាគ្រូភ្លេងខ្មែរ និងជាគ្រូស្តោះផ្លុំយ៉ាងល្បីមួយរូបផងដែរ និងមានម្តាយជាមេផ្ទះឈ្មោះ ណាត់ សាមៀន។

នៅក្នុងភូមិ អ្នកជិតខាងទាំងឡាយចូលចិត្តហៅលេងក្រៅថា អារៃ ត្បិតអ្នកស្រីមានសំឡេងស្រួយ ហើយពិរោះ ដូចសត្វរៃកណ្តឹង ដែលការពិត ពេលអ្នកស្រីមានប្រសាសន៍សន្ទនា គឺមិនសូវជាឮប៉ុន្មានទេ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀងម្តងៗវិញ បែរជាសំឡេងស្រួយ ហើយជាសំឡេងខ្ពស់ កម្រមាននារីណាម្នាក់ អាចច្រៀងដល់កម្រិតនោះឡើយ ហើយនៅអាចរក្សាសំឡេងស្រួយមុតបានយ៉ាងល្អ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ អ្នកស្រី រស់ សិរីសុទ្ធា និងកូនទាំងបួននាក់ បានត្រូវអង្គការខ្មែរក្រហម ជម្លៀសចេញពីភ្នំពេញ តាមផ្លូវជាតិលេខ៤ សំដៅទៅកំពង់ស្ពឺ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រីបានស្លាប់ម្តងមួយៗ រហូតនៅសល់តែអ្នកស្រីម្នាក់ឯង។

អង្គការបានចាប់បញ្ជូនអ្នកស្រីទៅនៅភូមិមួយឈ្មោះភូមិត្រពាំងផ្លុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នៅក្នុងរបបខ្មែរក្រហម១៩៧៥ អ្នកស្រីចូលចិត្ត ច្រៀងលេងកំដរញាតិ ពេលសម្រាកពីការងារ ប៉ុន្តែអ្នកស្រីមិនហ៊ានច្រៀងបទសម័យពីមុនទេ ព្រោះខ្លាចអង្គការអាវខ្មៅកម្ទេចជីវិតចោល។

ក្រោយមកពេលខ្មែរក្រហមជម្លៀសនៅកាន់ខេត្តកំពង់ស្ពឺ ក្រុមខ្មែរក្រហម ក៏ចាត់តាំងអ្នកស្រីឲ្យ ច្រៀងចំរៀងអង្គការបដិវត្តន៍ ដើម្បីបម្រើ និងលើកតម្កើងប្រយោជន៍ ជូនអង្គការ តែម្យ៉ាងប៉ុណ្ណោះ។

អ្នកស្រីតែងតែកាន់សៀវភៅតូចមួយ ដាក់តាមខ្លួន សម្រាប់កត់ត្រាទុកនូវបទចម្រៀង ដែលអង្គការតម្រូវឲ្យច្រៀង។

ពេលនៅក្នុងខេត្តកំពង់ស្ពឺ អ្នកស្រីត្រូវអង្គការអាវខ្មៅបង្ខំឲ្យរៀបការជាមួយទាហានខ្មែរក្រហមពិការម្នាក់ ដែលពូកែខាងប្រច័ណ្ឌអ្នកស្រី និងពូកែរាយការណ៍ រហូតឲ្យអង្គការស្រេកឈាមយកអ្នកស្រីទៅសម្លាប់ចោល៕

ប្រវត្តិលោក គង្គ សំអឿន តារាភាពយន្តដ៏ល្បីល្បាញរបស់ខ្មែរ នាទសវត្សរ៍១៩៦០-១៩៧០

(ភ្នំពេញ)៖ តារាភាពយន្តដ៏ល្បីល្បាញរបស់ខ្មែរ នាទសវត្សរ៍១៩៦០-១៩៧០ លោក គង្គ សំអឿន កើតនៅឆ្នាំ១៩៤១ នាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងត្រកូលគ្រួសារអ្នករាជការ ដែលមានឪពុកឈ្មោះ គង់ សំអ៊ិត និងម្តាយឈ្មោះ ប៉ូ ផល។

លោកគង់ សំអឿន មានប្អូនទាំងអស់៦នាក់ សុត្ធតែប្រុស ហើយជាលោកជាកូនច្បង ក្នុងនោះរួមមាន បានប្អូនប្រុស៣នាក់ ចាប់អាជីពជាសិល្បករដូចលោកដែរ គឺលោក គង់ សំអាត, លោក គង់ ចិន្តា និងលោក គង់ សុភី។

ទោះជារឿងលោកសម្តែងភាគច្រើន ត្រូវបានខ្មែរក្រហមបំផ្លាញ ប៉ុន្តែសាច់ញាតិបានអះអាងថា ចាប់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៥ លោក គង្គ សំអឿន បានសម្តែងខ្សែភាពយន្តមិនតិចជាង២០០រឿងឡើយ ក្នុងនោះមានខ្សែភាពយន្តល្បីៗ ដូចជារឿង៖ សុវណ្ណហង្ស, ភិនសុវណ្ណ, កំហុសអ្នកណា? បំណុលឈាមឪពុក, ពេលដែលត្រូវយំ, អនអើយស្រីអន, ព្រោះតែស្រលាញ់, សាយ័ណ្ហទូចយំ, មិនដាច់អាល័យ, ព្រះថោងនាងនាគ, ផែនដីវិល, ជាតិស្រ្តីស្រមោលអតីតកាល, សង្សារបីជាន់, នាងកែវណាម៉ា, ចិត្តសង្សារ, ទឹកភ្នែកអាពាហ៍ពិពាហ៍, បង្គងទឹកភ្នែក, បិទភ្នែកហែកទ្រូង និងរឿងព្រះមហាមោគ្គល្លាន ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានសម្រុកចូលរាជធានីភ្នំពេញ ហើយបានជំលៀសលោក គង្គ សំអឿន និងក្រុមគ្រួសារទៅកាន់ខេត្តនៅភាគខាងត្បូង ហើយក្រោយមក នៅដើមខែសីហា ឆ្នាំ១៩៧៥ ក្រុមខ្មែរក្រហមបានសម្លាប់លោក បន្ទាប់ពីចាប់លោកឃុំឃាំងក្នុងមន្ទីរ១៥ នាស្រុកកោះធំ ខេត្តកណ្តាល៕

តើបទចម្រៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មានប៉ុន្មាន និងបានចុះបញ្ជីរក្សាសិទ្ធិបានប៉ុន្មានបទ?

(ភ្នំពេញ)៖ លោក ស៊ិន ស៊ីសាមុត អធិរាជសំឡេងមាសដ៏ល្បីល្បាញរបស់ខ្មែរ នាអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ ដល់១៩៧០ បានផលិតបទចម្រៀងរាប់រយបទ ប៉ុន្តែមរតកចម្រៀងជាច្រើនបទត្រូវបានខ្មែរក្រហមបំផ្លាញចោលស្ទើរគ្មានសល់ ដែលរហូតមកពេលនេះ មិនទាន់មានតួលេខច្បាស់លាសណាមួយអាចបញ្ជាក់ថា លោកច្រៀងបានប៉ុន្មានបទ នៅសល់ប៉ុន្មាននោះឡើយ។

កាលពីដើមឆ្នាំ២០១៥ ភរិយា និងកូនរបស់លោក ស៊ិន ស៊ីសាមុត បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មនៃព្រះរាជណាចក្រកម្ពូជា សម្រេចចុះបញ្ជីទទួលកម្មសិទ្ធិបញ្ញាសម្រាប់គ្រួសារលោកបានប្រមាណជាង៧០បទ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ដឹងថា ចុះបញ្ជីបានប៉ុន្មានបទទៀត និងមានបទអ្វីខ្លះទេ។

លោក ស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ នៅស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ លោកត្រូវបានក្រុមខោអាវខ្មៅនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម សម្លាប់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ១៩៧៦៕

មុន ជួប គីរីវង់ ស្អែក គ្រូភ្នំពេញក្រោនថា ត្រូវដុសខាត់បន្ថែមទៀត នៅតំបន់ប្រយុទ្ធ

(ភ្នំពេញ)៖ បន្ទាប់ពីក្រុមភ្នំពេញក្រោន មានការខកចិត្តក្រោយការប្រកួតជាមួយក្រុមសូលទីឡូអង្គរ កាលពីសប្តាហ៍មុន លោកគ្រូបង្វឹក ស៊ុម វណ្ណា យល់ថា អ្វីដែលក្រុមត្រូវបន្តដុសខាត់ បន្ថែម ទៀតនោះ គឺនៅតំបន់ប្រយុទ្ធ ព្រោះ ការប្រកួត ជាមួយ ក្រុម សូលទីឡូ ក្រុមរបស់លោក មានការគាបសង្កត់ ច្រើន ប៉ុន្តែមិនអាចស្វែង រកគ្រាប់ បាល់ បាន សូម្បីមួយគ្រាប់ ។

សម្រាប់ការប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ នាថ្ងៃអាទិត្យ សប្តាហ៍នេះវិញ លោកគ្រូបង្វឹក បណ្តោះ អាសន្នរូបនេះ បានយល់ឃើញ ថា៖ « ចំពោះការរៀបចំរបស់យើងនៅសប្តាហ៍នេះ យើងមិនសូវជា មានការរៀបចំល្អ ប៉ុន្មាននោះទេ ព្រោះបញ្ហាអាកាសធាតុ ហើយវាជាមូលហេតុ ដែលធ្វើឲ្យ យើងផ្លាស់ប្តូរ ពេល វេលា ហ្វឹក ហាត់ ញឹក ញាប់ ។ ពួកយើងនៅតែផ្តោតលើ ការសហការគ្នាជាក្រុម ដើម្បីធ្វើការបញ្ចប់ទី ព្រោះការពីប្រកួតមុនយើងធ្វើបានល្អ ប៉ុន្តែយើងមាន បញ្ហានៅលើការបញ្ចប់ទី » ។

លោកបានបន្ថែម ទៀត ថា៖ « ចំពោះក្រុមគិរីវង់ ជាក្រុមមួយដែល ល្អ ពួកគេមាន ការរៀបចំល្អ កីឡាករ របស់ពួកគេ លេង ពោរពេញ ទៅ ដោយឆន្ទះ ហើយបើយើងមើលទៅលើគ្រូបង្វឹក របស់ពួក គេ វិញ គឺជា គ្រូ បរទេស ទៀត និយាយរួមពួកគេមានរបៀប នៃការលេងរបស់ពួកគេ មានការរៀបចំ បានល្អទាំង ការ ការ ពារ និងការវាយបក ទៅ រកគូរប្រកួត។

ភ្នំពេញក្រោន បើកកីឡដ្ឋាន RSN ទទួលក្លិបមកពី ខេត្តតាកែវ គីរីវង់សុខ សែន ជ័យ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ៦ និង ០០ នាទី ល្ងាច ៕

ពានរង្វាន់សម្តេច ហ៊ុន សែន វគ្គផ្តាច់ព្រ័ត្រ ថ្នាក់ខេត្ត លេងនៅទីលានបាល់ទាត់ វិសាខា

(ភ្នំពេញ)៖ ការប្រកួតបាល់ ទាត់ពានរង្វាន់ សម្ដេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅ នៅកីឡដ្ឋានវិសាខា ដែលមានទីតាំងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរដឹងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០១៩ នឹងធ្វើឡើងនៅថ្ងៃពុធទី២៩ ខែឧសភា រវាងសៀមរាប និងត្បូងឃ្មុំ ខណៈក្រុមចាញ់នៅវគ្គ១ ភាគ២ ពោលគឺកោះកុង និងរតនគិរី ក៏ត្រូវប្រជែងយកកៅអីមួយបង្គ្រប់វគ្គ១៦ក្រុមថ្នាក់ជាតិ។

គួររំឭកថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្តឆ្នាំ២០១៨ កន្លងទៅ រៀបចំនៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ ដែលកាលណោះ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដណ្ដើមបានតំណែងជើងឯក៕

កីឡាការិនី បាល់ ទាត់ អាមេរិក Morgan នឹង មិនជាន់ សេត វិមាន បើ ត្រូវ អញ្ជើញ

(អាមេរិក)៖ តារាបាល់ទាត់នារី អាមេរិក Alex Morgan បាននិយាយថ្មីៗនេះថា ខ្លួននឹងមិនចូលរួម កម្មវិធី នៅសេតវិមានទេ ប្រសិនបើក្រុមបាល់ទាត់ជម្រើសជាតិនារីអាមេរិក ការពារជើង ឯក ពិភព លោក ដោយជោគជ័យ ក្នុងការប្រកួតឆ្នាំនេះ។

Morgan ដែលរិះគន់គោលនយោបាយប្រធានាធិបតី Donald Trump កន្លងមក បានប្រាប់ទស្សនាវដ្តី Time ថា នាងមិនទទួលការអញ្ជើញណាមួយ ក្នុងកម្មវិធីអបអរសាទរ ក្នុងករណីអាមេរិក ឈ្នះជើង ឯកពិភព លោក បាល់ទាត់នារី ដែលធ្វើនៅប្រទេសបារាំង ខែមិថុនា ខាងមុខនេះ។

កីឡាការិនីរួបនេះបន្ថែមថាខ្លួនមិនអាចទ្រាំចំពោះរដ្ឋបាលអាមេរិកបច្ចុប្បន្ននេះទេ ហើយសូម កុំយកកីឡា លាយឡំនយោបាយ។

ការប្រកួតបាល់ទាត់ជើងឯកពិភព លោក នារី ២០១៩ អាមេរិក ស្ថិតនៅពូល F ជាមួយថៃ ស៊ីលី និង ស៊ុយអែត ៕

FIFA U20: កាតា អាមេរិក ចាញ់ ចំណែក ណូវែលហ្សឺឡង់ និង អ៊ុយរួហ្កាយ ឈ្នះ

(ប៉ូឡូញ)៖ ក្រុមបាល់ទាត់ យុវជនអាយុ ក្រោម ២០ឆ្នាំ របស់ ណូវ៉ែលហ្សឺឡង់ បានបំបាក់ ក្រុមយុវជន
ហុង ឌុយរ៉ាស់៥ ទល់នឹង ០ ក្នុង ការប្រកួតបាល់ទាត់ពិភពលោកយុវជន អាយុក្រោម ២០ឆ្នាំ ពូលC។

៥គ្រាប់របស់ណូវ៉េលហ្សឺឡង់ កើតឡើង ដោយកីឡាករ Darwin Diego ធ្វើឱ្យចូលទីខ្លួនឯង, Ben Waine ពីរគ្រាប់តែឯង Sarpreet Singh និងMatthew Conroy ម្នាក់មួយគ្រាប់។

ក្នុងពូល ជាមួយគ្នានេះ យុវជន អ៊ុយរូហ្គាយ ឈ្នះ ក្រុម ណរវ៉ែ ៣ ទល់នឹង ១។ ជំនួបនេះ តង់ទី១ អ៊ុយរូហ្កាយ នាំមុខ ២ ទល់នឹង ០ ដោយកីឡាករ Darwin Núñez និង Francisco Ginella Dabezies។ប៉ុន្តែលេងតង់ទី២ បានតែពីរនាទីកីឡាករ Christian Dahle Borchgrevink រកបានមួយគ្រាប់ឱ្យណរវ៉ែ មុនពេលកីឡាករ Brian Rodríguez បន្ថែមគ្រាប់ទី៣ ឱ្យអ៊ុយរួហ្កាយ ៣នាទី មុនចប់ការប្រកួត។

ចំណែក ការប្រកួត ពូល D កីឡាករ Maxwel Effiom, Okechukwu Henry Offia, Ayotomiwa Sherif Dele-Bashiru និង Aliu Salawudeen ស៊ុតម្នាក់មួយគ្រាប់ ឱ្យនីហ្ស៊េរីយ៉ា ឈ្នះយុវជនកាតា ៤ ទល់នឹង ០។

ដោយឡែក អ៊ុយក្រែន បានផ្តួលអាមេរិកការប្រកួតដំបូង ក្នុងលទ្ធផល ២ ទល់នឹង ១។ លេងបាន ២១ នាទី កីឡាករ Serhiy Bulesta រកគ្រាប់បាល់នាំមុខឱ្យអ៊ុយក្រែន មុនពេលកីឡាករ Brandon Iván Servania រកគ្រាប់ស្មើឱ្យអាមេរិក។ ប៉ុន្តែនៅនាទីទី៥១ កីឡាករ Denys Popov បន្ថែមគ្រាប់ជ័យជំនះ ឱ្យអ៊ុយក្រែន។

ការប្រកួតថ្ងៃនេះ ក្នុងពូល E ប៉ាណាម៉ា ប្រកួតជាមួយម៉ាលី និងបារាំង ជួប អារ៉ាប៊ី សាអូឌីត។ ពូលF ព័រទុយហ្កាល់ ជួបជាមួយកូរ៉េខាងត្បូង និងអាហ្សង់ទីន ប្រកួតជាមួយអាហ្វ្រិកខាងត្បូង៕